តើទារកអាចមើលឃើញនៅអាយុប៉ុន្មាន?
តើទារកអាចមើលឃើញនៅអាយុប៉ុន្មាន?
តើទារកអាចមើលឃើញនៅអាយុប៉ុន្មាន? នេះជាសំណួរមួយដែលមនុស្សទូទៅតែងតែសួរ។ វាគឺរឿងដែលសាកសមមួយដែរ ប្រសិនបើយើងគិតពិចារណាថា គំហើញគឺជាផ្នែកមួយដែលមានការអភិវឌ្ឍន៍តិចជាងគេ សម្រាប់មនុស្សដែលទើបនឹងកើត។
យ៉ាងណាម៉ិញ ៩០% នៃព័ត៌មានដែលទារកទទួលបានមកពីអ្វីដែលគេបានឃើញ ទាមទារឲ្យមានដំណើរការសិក្សាយ៉ាងយូរ ដើម្បីអាចបែងចែក និងស្វែងយល់ពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់គេ។
តើទារកទើបនឹងកើតអាចមើលឃើញអ្វីបានខ្លះ?
ទិដ្ឋភាពដែលទារកទទួលបាននៅពេលពួកគេទើបនឹងកើតមក គឺដូចជាកាមេរ៉ាដែលមិនទាន់ចាប់រូបភាពបានល្អដូច្នេះដែរ។ ជាការពិត គេប៉ាន់ស្មានថាពួកគេអាចមើលឃើញតែវត្ថុ ដែលមានជាទម្រង់ស្រមោល ឬព្រាលៗ ដែលមានចម្ងាយមិនលើសពី ២៥សង្ទីម៉ែត្រនោះទេ ហើយទទួលដឹងថាផ្ទៃខាងក្រោយគឺមានលក្ខណៈស្រពេចស្រពិលទាំងស្រុង ប៉ុន្តែអាចដឹងថាសុដន់របស់អ្នកម៉ាក់នៅទីណាបានយ៉ាងល្អឥតខ្ចោះ។
តាំងពីដំបូងអ្នកនឹងអាចសំគាល់ឃើញថាកូនរបស់អ្នកមានប្រតិកម្មទៅនឹងការរំញោចពីពន្លឺ ដែលធ្វើឲ្យមានផលអវិជ្ជមានប្រសិនបើពួកគេទទួលបានហួសប្រមាណ។ ដូច្នេះយ៉ាងហោចណាស់ចាប់ពីពេលកើតរហូតដល់អាយុ ៣ខែ យើងខ្ញុំសូមណែនាំឲ្យឪពុកម្តាយជ្រើសរើសអំពូលភ្លើងដែលមានពន្លឺស្រទន់។ ទោះជាយ៉ាងណាក៏ដោយការសំគាល់ពណ៌របស់ពួកគេមិនទាន់ត្រូវបានអភិវឌ្ឍនៅឡើយទេ ដូច្នេះពួកគេរស់នៅក្នុងពិភពដែលមានពណ៌ ខ្មៅ ស និងប្រផេះក្នុងរយៈពេល ពីរ បីថ្ងៃដំបូង។
តើទារកអាយុ ២ខែអាចមើលឃើញអ្វីខ្លះ?
នៅអាយុនោះចំណុចរបត់ដ៏ធំដំបូងមួយបានកើតឡើង នោះគឺជាពេលដែលទារកចាប់ផ្តើមចាប់អារម្មណ៍នឹងបរិយាកាសឆ្ងាយៗជាងមុន ដែលមានពីចម្ងាយពី៣០ ទៅ៦០ សង្ទីម៉ែត្រ។ សមត្ថភាពក្នុងការផ្តោតអារម្មណ៍របស់កូនអ្នកត្រូវបានអភិវឌ្ឍន៍ឲ្យប្រសើរឡើងគួរឲ្យកត់សម្គាល់រួចទៅហើយ ដូច្នេះពួកគេចាប់ផ្តើមវិភាគព័ត៌មានលំអិតអំពីអ្វីគ្រប់យ៉ាងដែលនៅជុំវិញពួកគេ។
ឧទាហរណ៍ដៃរបស់អ្នកផ្ទាល់។ អ្នកនឹងឃើញថានៅក្នុងរយៈពេលនេះពួកគេចាប់ផ្តើមសិក្សាពីដៃរបស់អ្នក ហាក់បីដូចជាគេ គឺជាអ្នកស៊ើបអង្កេតដ៏ល្អបំផុតម្នាក់។
តើទារកមើលឃើញអ្វីក្នុងអំឡុងខែទី៤
នេះគឺជាពេលចំនុចដ៏ធំទីពីរក្នុងការវិវត្តនៃចក្ខុវិស័យរបស់ទារក។ ការស្គាល់ពណ៌ត្រូវបានអភិវឌ្ឍទាំងស្រុង ហើយដោយពេលនេះ ពួកគេនឹងអាចស្គាល់ និងបែងចែកពណ៌ដែលគេមើលឃើញ។ ចាប់ពីនេះតទៅពួកគេនឹងអាចស្គាល់ កត់សម្គាល់ ឬបែងចែកប្រភេទនៃវត្ថុផ្សេងៗគ្នាត្រឹមតែមួយភ្លែតតែប៉ុណ្ណោះ។
ដូចគ្នានេះផងដែរ នៅសប្តាហ៍ទី១៦ អ្នកនឹងឃើញថាពួកគេអាចងាកខ្លួនតាមវត្ថុដែលកំពុងបំលាស់ទីបានយ៉ាងងាយស្រួល។
តើទារកមើលឃើញអ្វីបន្ទាប់ពីខែទី ៧?
ក្នុងរយៈពេល ៧ ខែ ភ្នែកកូនរបស់អ្នកនឹងត្រូវបានអភិវឌ្ឍស្ទើរតែទាំងស្រុង។ ពួកគេនឹងអាចឈានទៅបែងចែកកម្រិតនៃពណ៌បាន១០០% ហើយការយល់ឃើញស៊ីជម្រៅនឹងក្លាយជាតំណភ្ជាប់ដ៏ច្បាស់លាស់ដើម្បីបំពេញនូវវិញ្ញាណដ៏សំខាន់បំផុតមួយសម្រាប់ភាពជាមនុស្ស។
ជាធម្មតាគឺស្ថិតនៅខែទី១២ នៅពេលយើងអាចនិយាយបានថាភ្នែករបស់កូនអ្នក គឺដូចគ្នាបេះបិទនៅនឹងស្ថានភាពទូទៅជាធម្មតា ដូចជាមនុស្សពេញវ័យ។
ពួកគេនឹងមានពិភពលោកទាំងមូលដែលពោរពេញដោយពណ៌ និងអារម្មណ៍នៅចំពីមុខភ្នែករបស់ពួកគេ!
តើអ្នកអាចជំរុញចក្ខុវិស័យរបស់ទារកបានយ៉ាងដូចម្តេចខ្លះ?
ចក្ខុវិស័យរបស់ទារកអ្នកនឹងមានការលូតលាស់ពេញលេញ និងមានភាពចាស់ទុំអំឡុងពេល ១២ ខែដំបូងនៃជីវិត។ ហេតុដូច្នេះអ្នកអាចជួយពួកគេអភិវឌ្ឍវាតាមវិធីដែលមានប្រសិទ្ធភាពបំផុត គឺការរំញោចដល់ចក្ខុវិញ្ញាណរបស់ពួកគេ សម្រាប់គោលបំណងនេះ យើងខ្ញុំសូមផ្តល់ដំបូន្មានជាក់ស្តែងមួយចំនួន។
យើងខ្ញុំសូមណែនាំឲ្យអ្នក ទុកកូនឲ្យបានយូរតាមដែលអាចធ្វើទៅបាននៅក្នុងបន្ទប់ដែលមានពន្លឺធម្មជាតិ។
វាក៏អាចជួយបានដែរប្រសិនបើអ្នកអាចដាក់ អង្រឹង និងរទេះរុញ ទៅម្ខាងដើម្បីអាចអោយមានទីធ្លាបើកទូលាយដែលមិនកាត់រំខានដល់ការផ្តោតចក្ខុវិស័យ របស់ពួកគេហើយអនុញ្ញាតឲ្យពួកគេចាប់ផ្តើមអង្កេតបានដោយកែវភ្នែក។
ក្នុងករណីខ្លះ នេះគឺជាដំណើរការជាធម្មជាតិនៃការលូតលាស់របស់ទារកដែលឪពុកម្តាយ ពុំចាំបាច់ជួយដល់ពួកគេនោះទេ។ ទារកនឹងរកអាចស្គាល់ពិភពលោកទៅតាមល្បឿននៃការលូតលាស់របស់ពួកគេ នៅពេលដែលភ្នែករបស់ពួកគេរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយគ្រូពេទ្យជំនាញផ្នែកកុមារនឹងធ្វើការតាមដានពិនិត្យបន្តិចម្តងៗ ទៅលើការរីកលូតលាស់នៃកូនរបស់អ្នក។