គន្លឹះ ៨ យ៉ាង ដែលគួរជាទីពេញចិត្តសម្រាប់អ្នកម្តាយថ្មីថ្មោង

គន្លឹះ ៨ យ៉ាង ដែលគួរជាទីពេញចិត្តសម្រាប់អ្នកម្តាយថ្មីថ្មោង

មានការលើកឡើងមួយជាទូទៅថា បទពិសោធន៍គឺជាមាតានៃវិទ្យាសាស្ត្រ ហើយវាក៏ជាគំនិតមួយដែលពិបាកបដិសេធផងដែលថា៖ រាល់ចំណេះដឹងជាក់ស្តែងទៅលើរឿងផ្សេងៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សានានា។

មនុស្សតែងជួបការចាប់ផ្តើមលើកទីមួយសម្រាប់គ្រប់រឿងនៅក្នុងជីវិត ហើយការក្លាយជាម្តាយក៏ដូចគ្នាផងដែរ ដូច្នេះក្លឹបគ្រួសារ Neolact របស់យើងខ្ញុំ ចង់ជួយអ្នកជាមួយអត្ថបទតូចមួយនៃគន្លឹះ សម្រាប់អ្នកម្តាយថ្មីថ្មោង។

ទោះយ៉ាងណាក៏ដោយអត្ថបទនេះមិនមានបំណងណាមួយ ឬទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីជំនួសការងាររបស់គ្រូពេទ្យផ្នែកកុមារនោះទេ។ វាគឺជានាទីរបស់អ្នកជំនាញផ្នែកវិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលយើងខ្ញុំសូមណែនាំឲ្យអ្នកពិគ្រោះជាមួយ ប្រសិនបើអ្នកមានការសង្ស័យ ឬការព្រួយបារម្ភអំពីសុខភាពរបស់កូនអ្នក។

១. កុំភ្លេចឯកសារសំខាន់ផ្សេងៗ

យើងខ្ញុំសូមផ្ដល់អនុសាសន៍ឲ្យអ្នកបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលមកកាន់មន្ទីរពេទ្យ មុនពេលសំរាលបុត្រ៖

  • សៀវភៅកំណត់ត្រារបស់ម្តាយ
  • លទ្ធផលតេស្តឈាមចុងក្រោយ
  • លទ្ធផល SGB
  • ឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នក

២. រៀបចំកាបូបស្ពាយ និងកាបូបដាក់សំភារៈរបស់ទារកអោយបានរួចរាល់

យ៉ាងហោចណាស់មួយខែមុនពេលដល់ថ្ងៃសម្រាល យើងសូមណែនាំឲ្យអ្នកគួរត្រៀមកាបូបស្ពាយមួយអោយបានរួចរាល់ នឹងមានរបស់ដែលអាចមានប្រយោជន៍សម្រាប់អំឡុងពេលស្នាក់នៅមន្ទីពេទ្យ ក៏ដូចជាកាបូបដែលមានរបស់របរដែលទារកនឹងត្រូវការ។

តើត្រូវដាក់អ្វីខ្លះនៅក្នុងកាបូបសម្រាប់ម្តាយ?

  • សម្លៀកបំពាក់គេងយប់មានឡេវមុខ
  • អាវទ្រនាប់សំរាប់បំបៅដោះ
  • កន្ទប
  • បន្ទះសំឡីសម្រាប់ពេលសុដន់ឡើងប៉ោង
  • ស្បែកជើងស៊កសម្រាប់ពាក់នៅផ្ទះ
  • ក្រែមដើម្បីការពារការប្រេះក្បាលដោះ
  • សម្លៀកបំពាក់ដែលមានផាសុកភាពសម្រាប់ពាក់ពេលធ្វើដំណើរទៅផ្ទះវិញ ដែលអ្នកចូលចិត្ត ហើយដែលនិងធ្វើអោយអ្នកមានអារម្មណ៍ល្អ។
  • កូនកាបូបដែលមាន ច្រាសដុសធ្មេញ ក្រាស់ ក្រេមផ្តល់សំណើម ក្រេមផ្តល់សំណើមដល់បរបេមាត់ រ៉ូលអនលាបក្លៀក កៅស៊ូចងសក់ ជែល សាប៊ូកក់សក់ ទឹកអប់ ឬគ្រឿងសម្អាងប្រសិនបើអ្នកត្រូវការប្រើវារាល់ថ្ងៃ។

តើអ្វីដែលអ្នកគួរដាក់ក្នុងកាបូបកន្ទបរបស់ទារក?

  • កន្ទបសម្រាប់ទារកទើបនឹងកើត
  • ក្រដាសសើមសម្រាប់ទារកទើបនឹងកើត
  • ក្រែមការពារការរលាកពីកន្ទប
  • ក្រែមផ្តល់សំណើមដល់រាងកាយទារក។
  • សាប៊ូទារក
  • ទឹកអប់គ្មានជាតិអាល់កុល
  • ជក់ទន់ៗ
  • ដបមួយ
  • សម្លៀកបំពាក់ច្រើនជាន់
  • ខោអាវគេងយប់ ២​ ទៅ ៣ កំប្លេរ
  • មួក និងស្រោមដៃ
  • សម្លៀកបំពាក់ខ្លះសម្រាប់ស្លៀកនៅពីរបីថ្ងៃដំបូង
  • ស្បៃ
  • អៀម

៣. ទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា

អ្នកឯកទេសខាងវេជ្ជសាស្ត្របានណែនាំឲ្យទៅកាន មន្ទីរពេទ្យនៅពេលមានអការៈដូចខាងក្រោម៖

  • បែកទឹកភ្លោះ
  • ការហូរឈាមប្រហាក់ប្រហែល ឬច្រើនជាងការមករដូវ
  • ការកន្ត្រាក់ជាចង្វាក់ មិនតិចជាងមួយដងរៀងរាល់ប្រាំនាទី ក្នុងពេលពេញមួយម៉ោង។

៤.តើទារកគួរគេងនៅទីណា?

អ្នកឯកទេសណែនាំថា ទារកគួរគេងក្នុងបន្ទប់តែមួយជាមួយឪពុកម្តាយក្នុងកំឡុងខែដំបូងៗនៃជីវិត។ កូនរបស់អ្នកនឹងត្រូវការកន្លែងគេងដ៏សមស្របមួយ ជំរើសល្អបំផុតនោះគឺគ្រែសម្រាប់ទារក។ អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វបានផ្តល់អនុសាសន៍អោយប្រើគ្រែសម្រាប់ទារក ដូចគ្នាទៅនឹងការជំរុញការបំបៅកូនដោយទឹកដោះម្តាយ ដែលនឹងជួយកាត់បន្ថយលទ្ធភាពនៃការស្លាប់របស់ទារកក្រោយកំណើត។

៥. ការប្រើក្បាលដោះជ័រ

យើងខ្ញុំសូមណែននាំមិនគួរប្រើក្បាលដោះជ័រឲ្យហួសពីអាយុបីឆ្នាំនោះទេ ក្រៅពីនេះសូមចងចាំថា៖ អ្នកមិនគួរព្យួរវានៅលើ ក របស់កូនអ្នកទេ ព្រោះអាចនាំអោយមានគ្រោះថ្នាក់នៃការថប់ដង្ហើម។

៦.បើទារកកំពុងគេង ... ចូរទាញយកប្រយោជន៍!

ជាពិសេសក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃជីវិត ទារកអាចបន្ទោបង់ យំ ឬឃ្លាននៅគ្រប់ពេល។ ដំបូន្មានរបស់យើងខ្ញុំ គឺថាតាមដែលអាចធ្វើទៅបានអ្នកគួរតែទាញយកអត្ថប្រយោជន៍ពីពេលគេងរបស់កូនអ្នក ដើម្បីយកពេលគេងសម្រាប់ខ្លួនឯង។ តាមរយៈវិធីនេះ ការសំរាករបស់អ្នក នឹងមិនទទួលការរំខានទាំងស្រុងនោះទេ។

៧ .នៅពេលជ្រើសរើសឈ្មោះដាក់អោយកូន ...

នៅពេលជ្រើសរើសឈ្មោះដាក់អោយកូន អ្នកត្រូវចងចាំថាគឺមានដែនកំណត់ជាក់លាក់ស្របទៅតាមច្បាប់ចុះបញ្ជីជនស៊ីវិល៖

  • ជាអតិបរមាគឺជា ឈ្មោះផ្សំគ្នាមួយ រឺក៏ឈ្មោះសាមញ្ញៗពីរ។
  • អ្នកអាចជ្រើសរើសលំដាប់នៃនាមត្រកូល។ មិនចាំបាច់ជាត្រកូលរបស់មនុស្សប្រុសទេដែលគួរដាក់មុនគេនោះ។
  • គេមិនអនុញ្ញាតឲ្យជ្រើសរើសឈ្មោះដែលបង្កើតឲ្យមាន ការសង្ស័យអំពីភេទរបស់ទារកទេ ឬជាឈ្មោះកាត់ ដែលអាចបង្កឲ្យមានការភ័ន្តច្រឡំក្នុងការកំណត់អត្តសញ្ញាណនោះទេ។

៨. ចូរចងចាំថា៖ ត្រូវរក្សាអារម្មណ៍អោយបានហ្នឹងនរ

ព្យាយាមរក្សាអារម្មណ៍អោយបានហ្នឹងនរ តាមដែលអាចធ្វើទៅបាន។ ក្នុងនាមជាម្តាយ មានន័យថាអ្នកចាប់ផ្តើមជីវិតថ្មីហើយ នេះជាអ្វីដែលអ្នកមិនធ្លាប់បានធ្វើពីមុន ហើយអ្នកនឹងចាប់ផ្តើមរៀនពីវាបន្តិចម្តងៗ ដូច្នេះវាជារឿងធម្មតាបំផុត នៅលើពិភពលោកក្នុងការមានអារម្មណ៍ភ័យព្រួយ។ ក្នុងអំឡុងពេលមួយសប្តាហ៍ដំបូង អ្វីៗនឹងមានភាពច្របូកច្របល់បន្តិច ប៉ុន្តែសូមចាំថាអ្នកអាចសុំជំនួយពីអ្នកជុំវិញខ្លួន ប្រសិនបើអ្នកត្រូវការ ហើយត្រូវជឿទុកចិត្តខ្លូនឯង ថាអ្នកនឹងអាចធ្វើបានល្អ!

ឪពុកម្តាយគ្រប់រូបនៅលើពិភពលោកសុទ្ធតែធ្លាប់បានឆ្លងកាត់រឿងនេះ (គ្មាននរណាម្នាក់កើតមកចេះស្រាប់នោះទេ!) ដូច្នេះយើងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកមានភាពរីករាយនឹងដំណើរការស្វែងយល់ ហើយត្រូវចងចាំថាអ្វីដែលកូនរបស់អ្នកត្រូវការបំផុតនៅពេលចាប់កំណើតគឺ សេចក្តីស្រឡាញ់ និងភាពថ្នាក់ថ្នមពីឪពុកម្តាយរបស់គេ។ កុំខ្លាចក្នុងការបង្ករកំហុស ព្រោះដរាបណាគាត់មានអ្នក នោះគាត់ក៏ដូចជាមានទ្រព្យសម្បត្ដិដ៏មហាសាលមួយផងដែរ។

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ