អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាស៊ីតហ្វូលិកអំឡុងពេលមានផ្ទៃពោះ

អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាស៊ីតហ្វូលិកអំឡុងពេលមានផ្ទៃពោះ

អាស៊ីតហ្វូលិក ចាំបាច់ណាស់ក្នុងអំឡុងពេលមានផ្ទៃពោះ។ វាស្ថិតនៅក្នុងក្រុមB នៃក្រុមវីតាមីន ហើយមានមុខងារក្នុងការការពារ ការខូចទ្រង់ទ្រាយពីកំណើតមួយចំនួននៃទារកនៅក្នុងផ្ទៃ។

នៅក្នុងអត្ថបទនេះយើងខ្ញុំនឹងផ្តល់ជូនអ្នកនូវរាល់ព័ត៌មានដែលអ្នកត្រូវដឹងអំពីអាស៊ីតហ្វូលិក អំឡុងពេលមានផ្ទៃពោះ។ ថាតើពេលណា និងរបៀបណា ដែលអ្នកគួរទទួលទានវា អំពីអត្ថប្រយោជន៍ ប្រភេទអាហារដែលសំបូរអាស៊ីតហ្វូលិក និងកំរិតប្រើប្រាស់ប្រចាំថ្ងៃទៅតាមក្នុងស្ថានភាពនីមួយៗ

តើអ្នកគួរចាប់ផ្តើមទទួលទានអាស៊ីតហ្វូលិកនៅពេលណា?

ការទទួលទានអាស៊ីតហ្វូលិកត្រូវបានគេណែនាំឲ្យធ្វើមុនពេលមានផ្ទៃពោះជាក់លាក់ យ៉ាងហោចណាស់មួយខែមុនពេលមានគភ៌ ហើយគួរតែបន្តរធ្វើយ៉ាងហោចណាស់រហូតដល់សប្តាហ៍ទី១២ នៃការមានផ្ទៃពោះ។

ប៉ុន្តែនេះមិនមែនជាតួលេខពិតប្រាកដទេ ពេលខ្លះការទទួលទានអាស៊ីតហ្វូលិកដែលត្រូវបានគ្រប់គ្រងច្បាស់លាស់ មានរយៈពេលពេញមួយវដ្ដនៃការមានផ្ទៃពោះ រួមទាំងក្រោយពេលសម្រាលកូន និងអំឡុងពេលបំបៅដោះកូន។

នេះហើយជាមូលហេតុដែលអ្នក ត្រូវពិគ្រោះជាមួយអ្នកឯកទេស គាត់នឹងអាចណែនាំថា តើកំរិតណាដែលត្រូវបានណែនាំអោយប្រើក្នុងករណីរបស់អ្នកផ្ទាល់។

តើត្រូវការអាស៊ីតហ្វូលិកចំនួនប៉ុន្មាន?

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានផ្តល់អនុសាសន៍ថា ស្ត្រីទាំងអស់ដែលដល់អាយុបង្កើតកូន ត្រូវទទួលទានអាស៊ីតហ្វូលិក អប្បបរមា ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃ។ ហើយមិនត្រូវទទួលទានចំនួនខ្ពស់ជាងនេះទេ លើកលែងតែមានវេជ្ជបញ្ជាជាក់លាក់ពីគ្រូពេទ្យ។

ការណែនាំនេះគឺដោយសារតែចំនួនកើនឡើងខ្ពស់នៃការមានផ្ទៃពោះមិនបានគ្រោងទុក ដែលកើតឡើងនៅទូទាំងពិភពលោកគឺប្រហែល ៤៤% នៃចំនួនសរុបយោងតាមការសិក្សាដែលចេញផ្សាយដោយ Lancet Global Health

អត្ថប្រយោជន៍នៃអាស៊ីតហ្វូលិក

អត្ថប្រយោជន៍នៃអាស៊ីតហ្វូលិកអំឡុងពេលមានផ្ទៃពោះមានភាពខុសៗពីគ្នា ប៉ុន្តែវាទាក់ទងយ៉ាងសំខាន់ទៅនឹងការការពារការធ្វើឲ្យខូចទ្រង់ទ្រាយនៅក្នុងប្រព័ន្ធសរសៃប្រសាទចម្បងរបស់ទារក។

អាស៊ីតហ្វូលិក គឺមិនអាចខ្វះបានទេសម្រាប់ ការវិវឌ្ឍន៍ដ៏ត្រឹមត្រូវនៃបំពង់សរសៃប្រសាទ ដែលជាផ្នែកមួយនៃអំប្រ៊ីយ៉ុងដែលខួរក្បាល និងខួរឆ្អឹងខ្នងរីកលូតលាស់។ ដូច្នេះឱនភាពនៃវីតាមីននេះ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការលេចឡើងនៃបញ្ហាដូចជា ការវៀចឆ្អឹងខ្នង និងឆ្អឹងខ្នងបើកចំហរ ឬលលាដ៍ក្បាលមិនបិទជិត។

ក្រៅពីនេះ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាការទទួលទានអាស៊ីតហ្វូលិកក្នុងអំឡុងពេលមានផ្ទៃពោះ គឺទាក់ទងទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺស្លេកស្លាំង ដែលជារោគសាស្ត្រទូទៅមួយចំពោះស្ត្រីមានផ្ទៃពោះ ដោយសារវាទាក់ទងទៅនឹងការផលិតកោសិកាឈាមក្រហម។

អាហារដែលសម្បូរអាស៊ីតហ្វូលិក

អាស៊ីតហ្វូលិក អាចត្រូវបានទទួលទានចូលតាមរយៈអាហារបំប៉ន ប្រសិនបើគ្រូពេទ្យណែនាំ ប៉ុន្តែវាក៏មាននៅក្នុងអាហារជាច្រើនប្រភេទផងដែរ។ គ្រាប់ធញ្ញជាតិ ស្រូវសាលី បន្លែ និងប្រភេទបន្លែបៃតង ដូចជា ផ្កាខាត់ណាខៀវ ស្ពៃខ្មៅ​ ស្ពៃក្រញ៉ាញ់ គឺជាអាហារមួយចំនួនដែលមានបរិមាណអាស៊ីដហ្វូលិកគ្រប់គ្រាន់។

យើងសូមណែនាំឲ្យអ្នកពិគ្រោះជាមួយគ្រូពេទ្យប្រចាំគ្រួសាររបស់អ្នក អំពីភាពសមស្របនៃការទទួលទានអាស៊ីតហ្វូលីក អំឡុងពេលមានផ្ទៃពោះ ឬរួមបញ្ចូលវានៅក្នុងរបបអាហាររបស់អ្នកមុនពេលមានផ្ទៃពោះ។ គាត់នឹងអាចផ្តល់ដំបូន្មានល្អបំផុតដល់អ្នក អាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នក។

កំណត់សម្គាល់សំខាន់៖ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន០៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ។ អនុលោមតាមអនុក្រឹត្យលេខ ១៣៣ ។ បិទ